|
១ខែនគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង២០០ករណី ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់
ថ្ងៃទី ៖ 04-08-2026, ដោយ Dara007 , 47 Views
ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌយ៉ាងសកម្ម ចំនួន២០៨ករណី ឃាត់ខ្លួនជនសង្ស័យសរុប៣៤៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ដដែល បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ មានជាអាទិ៍ បទល្មើសហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម បំពានផ្លូវភេទ ប្រើប្រាស់អាវុធខុសច្បាប់ មនុស្សឃាតអចេតនា និងបង្ខាំងមនុស្សខុសច្បាប់។ ក្នុងនោះបទល្មើសកើតឡើងដែលសមត្ថកិច្ចបង្ក្រាបបានច្រើន គឺបទល្មើសលួចសរុប៨៦ករណី និងហិង្សាចំនួន៥៤ករណី។
បើតាមរបាយការណ៍ បទល្មើសទាំងនេះ កើតឡើងមាននៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន២២ទៀត រួមមាន ខេត្តកណ្ដាល បាត់ដំបង បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង ព្រះវិហារ ត្បូងឃ្មុំ កំពត មណ្ឌលគិរី ព្រៃវែង តាកែវ ព្រះសីហនុ ស្ទឹងត្រែង សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំឧត្តរមានជ័យ កំពង់ស្ពឺ ប៉ៃលិន និងខេត្តរតនគិរី។
គូសបញ្ជាក់ផងដែរថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើនការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
|