លោក ផន រឹម អ្នកនាំពាក្យត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តែងចុះអប់រំណែនាំបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវពីសុវត្ថិភាពចរាចរណ៍ និងអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យគ្រោះថ្នាក់ចរាចរណ៍។
លោកគូសបញ្ជាក់ថា យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់នគរបាលចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន និងមានកម្រិតធ្ងន់ បណ្តាលមានករណីស្លាប់,របួសធ្ងន់-ស្រាល និងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងផ្ទាល់ខ្លួនជាច្រើន ជារៀងរាល់ថ្ងៃ។
លោកក៏បានអំពាវនាវប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ និងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៥បានស្តែងឲ្យឃើញមូលហេតុឲ្យកើតមានគ្រោះថ្នាក់រួមមាន៖ -បើកបរលើសល្បឿនកំណត់ ៤៩% -មិនគោរពសិទ្ធិអាទិភាព ២១% -បើកបរមិនប្រកាន់ស្តាំ ១១% -ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៧% -បត់មិនប្រុងប្រយ័ត្ន ៤% -បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៤% -ល្មើសសញ្ញាចរាចរណ៍ ២% -កត្តាយាន ១% -និងងងុយ ១%៕