យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តាប្រទេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានតម្លៃជាប្រាក់ជាង៦ ៤១២លានដុល្លារ កើនឡើង ១០,៩៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ បណ្តាប្រទេស RCEP បានគ្រប់ដណ្តប់ចំណែកទីផ្សារ ៣០,៣៤ ភាគរយ នៃការនាំចេញសរុបដែលមានចំនួន ១៩,២៤ ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ មានប្រទេសសមាជិកសរុបចំនួន ១៥ គឺប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មធំៗចំនួន៥ រួមមាន ៖ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់។ ក្នុងចំណោមប្រទេស RCEP គឺកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអាស៊ានក្នុងទំហំទឹកប្រាក់ចំនួនជាង ៣ ៥៣៩លានដុល្លារស្មើនឹងជាងពាក់កណ្តាលនៃការនាំចេញទៅកាន់ទីផ្សារ RCEP ទាំងមូល។
ចំណែកប្រទេសដៃគូពាណិជ្ជកម្មធំៗចំនួន៥ របស់កម្ពុជា គឺប្រទេសចិនបានបញ្ជាទិញទំនិញក្នុងទំហំទឹកប្រាក់ជាង ១ ១០៣ លានដុល្លារ បន្ទាប់មកប្រទេសជប៉ុនបានស្រូបយកទំនិញកម្ពុជាមានតម្លៃជាប្រាក់១ ០៨៤លានដុល្លារ និង អូស្រ្តាលីចំនួន៤១២លានដុល្លារ, សាធារណរដ្ឋកូរ៉េ ចំនួន២៥៧ លានដុល្លារ និងនូវែលសេឡង់ ចំនួន១៤លានដុល្លារ៕