ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព(អគារថ្មីនៃព្រឹទ្ធសភា) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានហឫទ័យប្រកបដោយបីតិសោមនស្សក្រៃលែង ដែលបានចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីសម្ពោធ “វិមានសាមគ្គីភាព” ដ៏ល្អឆើត ដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៦ថ្មីមួយបន្ថែមទៀត របស់ប្រជាជាតិខ្មែរយើង។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ដថា សំណង់អគារថ្មីនៃព្រឹទ្ធសភា ដែលត្រូវបានកសាងឡើងក្រោមការផ្ដួចផ្ដើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានប្រសិទ្ធនាមថា “វិមានសាមគ្គីភាព” បង្ហាញឱ្យឃើញពីគុណតម្លៃ និងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរ ដែលយល់យ៉ាងច្បាស់ថា ការបង្រួបបង្រួមជាតិ និងសាមគ្គីភាពជាតិ គឺជាសសរទ្រូងដ៏រឹងមាំនៃ សន្តិភាព ស្ថិរភាព និងភាពរីកចម្រើនដ៏យូរអង្វែងរបស់កម្ពុជា។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា វិមាននេះ ក៏ជាសិលាចារឹកនៃការតភ្ជាប់មោទនភាព បច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។
«ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ដថា យើងអាចសន្និដ្ឋានបានថា “វិមានសាមគ្គីភាព” នឹងមិនត្រឹមតែជានិមិត្ដរូបនៃសមិទ្ធផលថ្មីប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជួយបន្ថែមសោភ័ណភាព និងភាពចម្រុះអមដោយសំណង់អគារប្រវត្ដិសាស្រ្ដជាច្រើននៅក្នុងការចំការមន ដែលជាកេដំណែលមរតកនៃស្ថាបត្យកម្ម និងជាស្នាព្រះហស្ដដ៏ថ្លៃថ្លាបំផុតនៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលព្រះអង្គនៅគង់ព្រះជន្ម និងបំពេញព្រះរាជកិច្ចនៅទីនេះ ។»
ព្រះមហាក្សត្រមានព្រះរាជបន្ទូលសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្ដើមគំនិតកសាងទស្សនទាន និងដឹកនាំការកសាង “វិមានសាមគ្គីភាព” នៅលើទីតាំងជ័យភូមិជាញជ័យដ៏ពិសិដ្ឋនេះឡើង សម្រាប់ទុកជាបេតិកភណ្ឌជាតិដ៏ពិសេសវិសាលមួយទៀតរបស់ជាតិ៕