|
កម្ពុជា តួកគីយ៉េ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងបរិស្ថាន
ថ្ងៃទី ៖ 22-06-2026, ដោយ Dara007 , 42 Views
ភ្នំពេញៈ កម្ពុជា តួកគីយ៉េថ្មី ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងបរិស្ថាន ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមរវាងប្រទេសទាំងពីរ។ ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ធ្វើក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
លោកបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងតួកគីយ៉េ និង កម្ពុជា។
ក្នុងន័យនេះ, លោកបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន, ស៊ីជម្រៅ និង ទូលំទូលាយ បន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មីប្រចាំកម្ពុជា និង បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។
សម្ដេចធិបតីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ, ស៊ីជម្រៅ និង រីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់ រួមមាន៖ សេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងបរិស្ថាន ជាដើម។
មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និង ស៊ីជម្រៅបន្ថែមទៀត៕
|