ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី២៣ (23rd SOMRI) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីកម្ពុជា ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រតិភូក្រសួងគមនាគមន៍ម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានធ្វើឡើងនៅទីក្រុង Penang កាលពីប៉ុន្មានថ្ងៃមុននេះ ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង។
ដើម្បីបំប្លែងកិច្ចព្រមព្រៀងឱ្យទៅជាសកម្មភាពជាក់ស្តែង ភាគីទាំងពីរបានពិភាក្សាយ៉ាងលម្អិតលើការបង្កើតគណៈកម្មការជំនាញក្នុងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី១ ក្នុងគោលបំណងពង្រឹងការសម្រេចចិត្តកម្រិតនយោបាយ និងយុទ្ធសាស្ត្រព័ត៌មានរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពជំរុញ និងបើកផ្លូវឱ្យមានការតភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងបណ្តាអង្គភាព និងស្ថាប័នជំនាញក្រោមចំណុះក្រសួងទាំងពីរ សំដៅការផ្លាស់ប្តូរបទពិសោធ បច្ចេកវិទ្យា និងខ្លឹមសារព័ត៌មានទៅវិញទៅមកឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះក្នុងយុគសម័យឌីជីថល ក្រសួងទាំងពីរបានដាក់ចេញនូវផែនការត្រៀមរៀបចំគម្រោងបណ្តុះបណ្តាលរួមគ្នារវាង IPPTA និងមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យកាវិជ្ជាជីវៈសារព័ត័មានដើម្បីបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈដល់បងប្អូនអ្នកសារព័ត៌មានកម្ពុជា និងម៉ាឡេស៊ី ឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ ភាគីទាំងពីរបានប្តេជ្ញាចិត្តមិនត្រឹមតែថែរក្សានូវសមិទ្ធផលដែលមានស្រាប់នោះទេ ប៉ុន្តែនឹងបន្តស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសម្បូរបែប និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ក្រសួងទាំងពីរក៏បានប្តេជ្ញាចិត្តបន្តបេសកកម្មរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងបរិយាកាសព័ត៌មានអាស៊ានមួយដែលមានសុវត្ថិភាព ភាពធន់ ទំនុកចិត្ត និងផ្តោតលើប្រជាជនជាកណ្តាល។
ក្នុងនោះ ម៉ាឡេស៊ីបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (SOMRI) លើកទី២៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (AMRI) លើកទី១៨ នាឆ្នាំ២០២៧ ខាងមុខនេះ៕