យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា នៅក្នុងឱកាសទស្សនកិច្ចខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនជាដើម។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើនេះ បានឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិននេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត។
សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមានសម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាលមួយចំនួនទៀត៕