សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុងសំលៀងបន្ត។
សម្ដេថា រូបថតប៉ុន្មានសន្លឹកនេះ បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ ។ សម្ដេចតេជោ បញ្ជាក់ថា ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេ ពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ(សាលាចតុមុខ)សំណាងជាងគេម៉ាណែត បានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុកចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។ ពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នា ដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។
សម្ដេចតេជោ អះអាងថា ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំង សម្រាប់ម៉ានិត ម៉ានី ម៉ាលី គឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បងណាហ្រ្គា និងសុខហ៊ា និងចាយលុយលើស100Franceត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។ ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែ ម៉ាណែតពុកសរសេរវិន័យ(ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ)ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោង ត្រូវចូលគេង និងត្រូវបិទភ្លើងបិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ ដើម្បីសន្សំសំចៃភ្លើង។ ជាមួយគ្នានេះ សម្ដេចតេជោ សូមអរគុណកូនៗដែលជាង២០ឆ្នាំមុន បាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា(ពុកម៉ែតឹងតែងចំពោះពួកយើង គឺចង់ឲ្យយើង ល្អ)។
សម្ដេចតេជោ បន្ដទៀតថា ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តី និងមានកូនព្រមទាំងចេញដឹកនាំប្រទេសឬចូលរួមក្នុងការងារបំរើជាតិក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។ ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែ តទៅទៀតពិសេសផ្តោតលើគុណធម៍ ចរិយាធម៍ សិលធម៍ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។
ទន្ទឹមនឹងនេះ សម្ដេចតេជោ បន្ដតម្រង់ទិសចំពោះតម្រង់ទិសចៅពួកគេតទៅទៀត បើទោះបីជាចៅរបស់ពុកម៉ែជាចៅល្អហើយក៏ដោយ ៕