លោកបន្ដថា ព្រះរាជវត្តមានដ៏ថ្លៃថ្លា នៃអង្គព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងនៅលើទឹកដីអង្គរដ៏ពិសិដ្ឋ នៃបុព្វបុរសខ្មែរគឺបង្ហាញឱ្យឃើញនូវខឿនអារ្យធម៌ដ៏ខ្ពង់ខ្ពស់ និងចំណាស់នៃប្រជាជាតិកម្ពុជាដែលរក្សាបានយ៉ាងជាប់លាប់រាប់សតវត្សរ៍កន្លងមកហើយ។
លោកបន្ថែមថា ទូលព្រះបង្គំទាំងអស់គ្នាមានភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់បំផុតដោយបានដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងបំពេញព្រះរាជកិច្ចតាមព្រះរាជបវេណីដ៏ប្រពៃថ្លៃថ្លារបស់ព្រះមហាក្សត្រគ្រប់គ្រងផែនដីព្រះរាជាណាចក្រកម្ពុជា និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៃទូលព្រះបង្គំយើងខ្ញុំដែលព្រឹត្តិការណ៍អង្គរសង្រ្កាន្តត្រូវបានរៀបចំឡើងបន្ទាប់ពីព្រះរាជពិធីនេះ ប្រៀបបីដូចការទទួលបានការប្រោសព្រះរាជទានពរជ័យពីអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
លោកបាញ្ជាក់ថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានឹងផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលអំណរ នៃការផ្លាស់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីនាពេលខាងមុខ។
លោកសូមក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងធំធេងក្រៃលែងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវព្រះរាជហឫទ័យទុកដាក់ ដែលទ្រង់សព្វព្រះរាជហឫទ័យដល់កូនចៅចៅទួតគ្រប់ៗគ្នា៕