ក្នុងវេទិកាសារព័ត៌មានស្ដីពី «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្ដីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» នាថ្ងៃទី៧ ខែមីនា នៅសណ្ឋាគារសាន់វ៉េ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក កៅ គីមហួន បានចោទជាសំណួរថា តើអាស៊ាន នឹងដើរតាមផ្លូវណា ហើយមានឥទ្ធិពលខ្លាំងយ៉ាងណាដែរ ក្នុងពេលដែលបច្ចុប្បន្នអាស៊ានមានប្រជាជនជាង ៦៧០ លាននាក់ ហើយបាននឹងកំពុងពង្រីកសមាជិកជាបន្តបន្ទាប់ ។
ទន្ទឹមនោះចាប់តាំងពីបង្កើតសហគមន៍អាស៊ាននាឆ្នាំ១៩៦៧ ដែលមានសមាជិក៥ប្រទេស រហូតមកដល់ពេលនេះមាន សមាជិក១១ប្រទេស តើអាស៊ានបានដើរតួនាទីសំខាន់យ៉ាង ដូចម្តេចសម្រាប់សហគមន៍ និងពិភពលោក ហើយសម្រាប់២០ឆ្នាំខាងមុខ ឥទ្ធិពលអាស៊ានមានកម្រិតណា និងមានរូបរាងយ៉ាងដូចម្តេច ។
ថ្លែងក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួម៥៦នាក់ មកពី៣៨ស្ថាប័ន លោក ពុយ គា ប្រធាន ក.អ.ក បានចាត់ទុកវេទិកាសារព័ត៌មានខាងលើនេះ គឺជាពេលវេលាដ៏កម្រ និងមានសារសំខាន់សម្រាប់អ្នកសារព័ត៌មានដែលចង់ស្វែងយល់ពីកិច្ចការអាស៊ាន។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិក៏មានឱកាសលើកទ្បើងនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងតួនាទី បញ្ហាប្រឈម រួមទាំងឥទ្ធិពលរបស់សហគមន៍នេះផងដែរ៕