នៅកំឡុងពាក់កណ្តាលនិងចុងខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះចំនួន០៥នាក់ ស្តីពីករណីលួច(ទូរសព្ទ-ម៉ូតូ-ទូរទស្សន៍) ដែលប្រព្រឹត្តកាលពីថ្ងៃទី១០,១១,២២,២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិភ្នៀត សង្កាត់ភ្នៀត,ភូមិ២ សង្កាត់កំពង់ស្វាយ, ភូមិម្កាក់ សង្កាត់ម្កាក់, និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។
ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះទាំងអស់ខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកកម្លាំងចុះធ្វើការស្រាវជ្រាវជាប់ជាប្រចាំរហូតកំណត់បានមុខសញ្ញាបាន ដោយទទួលបានកិច្ចសហការយ៉ាងល្អពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ រហូតឈានដល់ការបង្ក្រាបមុខសញ្ញាជាបន្តបន្ទាប់ចំនួន៣នាក់ ៖ ១.ឈ្មោះ តុង ហេង ហៅក្រៅ ក្តាម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ២.ឈ្មោះ សៀប រម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ៣.ឈ្មោះ កាន់ វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិយាយអត ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំង ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៣កូន ថងកិប, ២.ថ្នាំគ្រាប់រៀងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន០១កូនថងកិប (០៤គ្រាប់), ៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ៤.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ៥.ម៉ូតូចំនួន៤គ្រឿង(វត្ថុតាងមួយចំនួនត្រូវបានប្រគល់ជូនជនរងគ្រោះវិញ) ហើយជនសង្ស័យទាំងអស់ត្រូវបានកម្លាំងនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនសង្ស័យ ទាំង៣នាក់គឺជាមុខសញ្ញាចាស់លួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។
ដោយជនសង្ស័យឈ្មោះ តុង ហេង ហៅក្រៅ ក្តាម ធ្លាប់ជាប់មណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ចំនួន០៤ដងមកហេីយ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ចំណែកឈ្មោះ សៀប រម្យ ធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេល០៥ឆ្នាំ ពីបទលួចស្ថានទម្ងន់ទោសផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ និងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕