|
ការតវ៉ាចំពោះសកម្មភាពថៃកាន់កាប់ទឹកដីកម្ពុជាដោយខុស ជាភស្តុតាងមានតម្លៃគតិយុត្ត
ថ្ងៃទី ៖ 30-06-2026, ដោយ Dara007 , 61 Views
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការតវ៉ាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងការរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដ៏មានតម្លៃផ្នែកគតិយុត្តិ និងសីលធម៌ សម្រាប់ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសយ៉ាងច្បាស់ចំពោះមុខប្រជាជាតិថា ការការពារទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់កាតព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយនឹងបន្តដោះស្រាយបញ្ហាតាមមាគ៌ាសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជ្រើសរើសមាគ៌ាសន្តិភាព ប៉ុន្តែមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិជាដាច់ខាត។ លោកគូសបញ្ជាក់ថា ការតវ៉ាជាបន្តបន្ទាប់របស់កម្ពុជា ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងការរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងផ្នែកគតិយុត្តិ និងសីលធម៌ ដែលមិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
លោកបន្ដទៀតថា ជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា គឺជាសក្ខីភាពបង្ហាញពីការប្រឆាំងដាច់ខាតចំពោះការឈ្លានពានគ្រប់រូបភាព ខណៈដែលកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ គឺជាខឿនការពារជាតិដ៏រឹងមាំ និងជាកម្លាំងគាំទ្រសំខាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕
|