ការបង្ហាញចំណាប់អារម្មណ៍ចេញពីទីស្ដីការក្រសួងមហាផ្ទៃ ពីសំណាក់អ្នកនាំពាក្យរងរូបនេះ បានធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ រួមទាំងអាជ្ញាធរសង្កាត់ និងសមត្ថកិច្ច បានចុះអនុវត្តការងារ និងបង្ក្រាបករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀនបង្កដោយក្រុមជនអាណាថា និងអ្នករើសអេតចាយដែលរស់នៅអនាធិបតេយ្យ បង្កការភ័យខ្លាចព្រួយបារម្ភដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ។ គឺប្រតិបត្តិការដែលធ្វើឡើង បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ និងសំណូមពរ ពីអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ។
បើតាមលោក ទូច សុឃៈ សកម្មភាពនេះ ជាគំរូនៃការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលទាមទារឱ្យមានការចូលរួមពីគ្រប់តួអង្គ ជាមួយអាជ្ញាធរ ពោលគឺប្រជាពលរដ្ឋ ដែលឃើញបញ្ហាមិនអាចសំងំស្ងៀមទុកឱ្យបញ្ហានោះបន្តកើតមានឡើយ ហើយអាជ្ញាធរបន្ទាប់ពីទទួលបានព័ត៌មាននោះក៏ត្រូវរូតរះ ចាត់វិធានការដើម្បីឆ្លើយតបនឹងក្ដីបារម្ភ និងដើម្បីធានាសេវាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ស្របតាមទស្សនៈ «ពលរដ្ឋកុំដាំដើមគរ អាជ្ញាធរកុំប្រងើយកន្តើយ» ។
ទន្ទឹមនឹងការលើកទឹកចិត្ត និងសម្តែងការកោតសរសើរដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាលនិងអាជ្ញាធរលោក ទូច សុឃៈ ក៏អំពាវនាវដល់ប្រជាពលរដ្ឋទូទៅនៅគ្រប់មូលដ្ឋាន យកស្មារតីនៃភាពជាគំរូនេះទៅអនុវត្តតាមមូលដ្ឋានរបស់ខ្លួន ពោលគឺបើឃើញនូវរឿងហេតុទាំងឡាយណាដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាជាទូទៅ ករណីក្មេងទំនើង ករណីប្រើប្រាស់ជួញដូរគ្រឿងញៀន និងករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ត្រូវតែរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន មានមេភូមិ មេឃុំ ចៅសង្កាត់ ឬប៉ុស្តិ៍នគរបាលរដ្ឋបាល។
លោកបន្ថែមថា «អាជ្ញាធរត្រូវតែផ្តល់ការឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងក៏ដើម្បីជាការបញ្ជាក់ជូនប្រជាពលរដ្ឋនូវសេចក្ដីថ្លែងអំណរគុណរបស់ខ្លួន ដែលប្រជាពលរដ្ឋចូលរួមជួយរាយការណ៍ ករណីផ្សេងៗដែលពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ។ មិនអាចមានត្រឹមនគរបាលប៉ុស្តិ៍ ឬមិនអាចមានត្រឹមអាជ្ញាធរឃុំ សង្កាត់ មេភូមិ ដឹកនាំចាត់ចែងការងារបានមួយរយភាគរយនោះទេ ប្រសិនបើមិនមានការចូលរួមពីប្រជាពលរដ្ឋ។
សូមរម្លឹកថា ក្នុងរង្វង់ប្រតិបត្តិការនោះ បើតាមលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សមត្ថកិច្ច បានបង្ក្រាបជនសង្ស័យជាក់ស្តែងកំពុងប្រើប្រាស់គ្រឿងញៀន ដោយឃាត់បានប្តីប្រពន្ធពីរនាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ព្រមទាំងរកឃើញគ្រឿងញៀនចំនួន៧កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ ថង់វេចខ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួន៕