អ្នកនាំពាក្យបន្តថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ឲ្យចូលខ្លួន បំភ្លឺពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយពីបុគ្គលរូបនេះបានតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ តាមបណ្តាញទំនាក់ទំនងសង្គម ។ ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលរូបនេះ បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញបានសម្រេចធ្វើការឃាត់ ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះគឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការ ប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម ។ ក្នុងន័យនេះ សូមបញ្ជាក់បន្ថែមថា ផ្អែកតាម លិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ សមត្ថកិច្ចគ្រាន់តែឲ្យបុគ្គលរូបនេះចូលខ្លួន ធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះ មិនអាចបញ្ឈប់សកម្មភាព ហើយបន្ត ផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ ។
ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបាន សារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។ ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន តំណាងអយ្យការ បានសម្រេចឲ្យដោះលែងមានសេរីភាពវិញ។
បើតាមព្រះរាជអាជា្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត នៅថ្ងៃទី៨កុម្ភៈនេះ បានចេញដីកាសម្រេចដោះលែងជនសង្ស័យឱ្យមានសេរីភាពឡើងវិញ ក្រោយពីជនសង្ស័យបានឆ្លើយទទួលស្គាល់ខ្លឹមសារនូវការបង្ហោះវីដេអូរបស់ខ្លួនលើបណ្តាញ ទំនាក់ទំនងសង្គម និងបានយល់ព្រមទទួលស្គាល់កំហុស ដោយសន្យាថានឹងមិនប្រព្រឹត្តអំពើល្មើសច្បាប់តទៅទៀតឡើយ ។
តុលាការបញ្ជាក់តាមរយៈដីកាថា បទល្មើសដែលជនសង្ស័យបានប្រព្រឹត្តជាបទមជ្ឈិម ហើយជនសង្ស័យទើបតែប្រព្រឹត្តបទល្មើសជា លើកទីមួយប៉ុណ្ណោះ ។ តំណាងអយ្យការក៏បានធ្វើការអប់រំផ្ទាល់បន្ថែម ហើយជនសង្ស័យក៏ព្រមទទួលយក នឹងសន្យាគោរព មិនឱ្យមានកំហុសឆ្គងជាលើកទីពីរ ។
ក្រោយពីបានពិនិត្យសំណុំរឿង នឹងស្តាប់ចម្លើយជនសង្ស័យ គប្បីតំណាងអយ្យការផ្តល់សិទ្ធិសេរីភាព ដល់ឈ្មោះ៖ ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ ផ្អែកតាមបញ្ញាត្តិមាត្រា ១០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
តុលាការសម្រេចដោះលែង ឈ្មោះ ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១០១ E3Z ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ អ្នកចម្រៀង នៅលីវ ឱ្យមានសេរីភាពវិញ ។
តុលាការបញ្ជាក់ថា នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ឈ្មោះ ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ បានថតបង្ហោះវីដេអូ មួយដែលមានរយៈពេលជាងបួននាទីដោយបានរៀបរាប់ ១. បាននិយាយពាក់ព័ន្ធការចូលមកបំភ្លឺនៅសមត្ថកិច្ច តាមការរយៈការកោះហៅ គឺខ្ញុំបាទនឹងមិនធ្វើលិខិតសូមទោសជាសាធារណៈដាច់ខាត។ ២. បានលើកឡើងពី ការងារមន្ត្រីរាជការមួយចំនួនដែលបានបំពេញការងារស៊ីសំណូកសូកប៉ាន់ ធ្វើឯកសារក្លែងបន្លំ សក្លាយជាខ្មៅ ។ ៣. បានលើកឡើងអំពីការបោះឆ្នោតពុំមានតម្លាភាព សូមឱ្យមានការបោះឆ្នោតជាសេរី និងយុត្តិធម៌ កុំបោះបែប លក្ខណៈក្លែងបន្លំ ហើយអាណត្តិនាយករដ្ឋមន្ត្រីគេត្រូវបែងចែកត្រឹម២អាណត្តិបានហើយ ។ ៤. បានលើកឡើងពី បញ្ហាសេដ្ឋកិច្ចរាំងស្ទះ៖ ទំនិញឡើងថ្លៃ និងចំណូលប្រជាពលរដ្ឋធ្លាក់ចុះ ៕