ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជានេសាទ ដែលប្រកបរបរអូសលៀស នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឱ្យប្រជានេសាទលើកឡើង ពីបញ្ហានានាដែលកំពុងប្រឈមនៅក្នុងការប្រកបរបរនេសាទលៀស ហើយក្រសួងកសិកម្ម ដែលជាសេនាធិការរាជរដ្ឋាភិបាល នឹងចូលរួមជួយដោះស្រាយបញ្ហាប្រឈមទាំងនោះជូនប្រជាជន។
តាមរយៈការពិភាក្សាយ៉ាងផុលផុស រវាងប្រជានេសាទ គណៈអធិបតី និងជំនាញជលផល ប្រជានេសាទបានយល់ថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទអូសលៀសដោយប្រើម៉ាស៊ីន ពីសំណាក់កងអន្តរាគមន៍ គឺជាការអនុវត្តត្រឹមត្រូវតាមច្បាប់។ លោករដ្ឋលេខាធិការ ហាស់ សារ៉េត បានពន្យល់បន្ថែមទៅកាន់អង្គពិធីថា ការរឹតបន្តឹងការអនុវត្តច្បាប់របស់កម្លាំងអន្តរាគមន៍ និងមន្ដ្រីជំនាញពាក់ព័ន្ធ ធ្វើឡើងក្នុងគោលដៅថែរក្សាធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយ។
ការងារនេះ មិនអាចសម្រេចបានទេ បើគ្មានការចូលរួមពីបងប្អូនប្រជានេសាទ ប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់កំណត់ ដោយធ្វើឡើងចេញពីបេះដូងស្រឡាញ់ ដើម្បីរក្សានិរន្ដរភាពធនធាននិងសម្បត្តិធម្មជាតិរបស់យើង។
តាមរយៈលោករដ្ឋលេខាធិការជាប្រធានអង្គប្រជុំ បងប្អូនប្រជានេសាទបានស្នើសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួង ដាក់បញ្ចូលការនេសាទលៀសដោយប្រើប្រាស់ម៉ាស៊ីន ទៅក្នុងច្បាប់ជលផល តាមបច្ចេកទេស ដោយមានកំណត់ទីតាំង និងពេលវេលាច្បាស់លាស់។ ទាំងប្រជានេសាទ និងអ្នកប្រមូលទិញលៀស បានស្រុះស្រួលមតិ នឹងសន្យា មិនអូសនិងមិនប្រមូលទិញលៀសតូចៗនោះទេ៕