ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា គ្មានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មី ដូចពាក្យចចាមអារ៉ាមមិនពិតនោះឡើយ។
សម្តេចបានបញ្ជាក់ថា រឿងដូររដ្ឋមន្រ្តីនេះ បានលេចឮតាំងពីចុងឆ្នាំ២០២៤ម្ល៉េះ ដោយមានការខ្សឹបខ្សៀវគ្នាថា បន្តិចទៀត នឹងមានការដូរដ្ឋមន្រ្តី៥-៦ ក្រសួង ហើយមន្រ្តីមិនបាច់ធ្វើការទេ ចាំមើលមេថ្មីមកទៅ។
សម្តេច បានលើកឡើងថា សម្ដេចមិនបានប្រកាសជាសាធារណៈទេ ប៉ុន្តែសម្ដេចបានប្រាប់រដ្ឋមន្រ្តីទាំងអស់ ក្នុងអង្គប្រជុំ ហើយសូមឱ្យប្រាប់គ្នាផង ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេមកប្រាប់ទៀតលើរឿងនេះ។
សម្ដេចធិបតីថ្លែងបញ្ជាក់ថា រឿងការស្នើសុំតែងតាំងផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករាជរដ្ឋាភិបាល គឺជាសិទ្ធិ និងការទទួលខុសត្រូវរបស់នាយករដ្ឋមន្រ្តី បើនាយករដ្ឋមន្រ្តីអត់ដឹងផង កុំព្រួយបារម្ភ ហើយបើខ្ញុំអត់ដឹងផង គឺមិនមានក្រសួងណាត្រូវដោះដូរទៀតទេនៅពេលនេះ អ៊ីចឹងសូមឱ្យរលត់ទៅរឿងនេះ។
សម្តេចបានអំពាវនាវដល់មន្រ្តីបណ្តាក្រសួងទាំងអស់ធ្វើការ ហើយកុំខ្វល់អំពីការផ្លាស់ប្តូររដ្ឋមន្រ្តីខ្លាំងពេក។ សម្តេចបានបញ្ជាក់ថា «កុំចាំអ៊ុតមើលមេណា ព្រោះសិទ្ធិក្នុងការស្នើសុំចាត់តាំង តែងតាំងមន្រ្តី គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ប្រយ័ត្នតែចាំអ៊ុតមើលមេភ្លេចខ្លួនឯង ប្រយ័ត្នរដ្ឋមន្រ្តីស្នើសុំដូរខ្លួនឯងចេញវិញ»។
សម្តេចបវរធិបតី ពេលនេះគឺរដ្ឋមន្រ្តីទាំងអស់ កំពុងខិតខំបំពេញការងាររៀងៗខ្លួន ដែលត្រូវចេះរក្សាលំនឹងបន្តទៀត។ សម្តេចធិបតីបានស្នើឱ្យបញ្ចប់ពាក្យចចាមអារ៉ាមនេះ ហើយអំពាវនាវឱ្យមន្រ្តីទាំងអស់ខិតខំធ្វើការដោយស្ងប់ចិត្ត៕