មេប៉េអឹម បន្ទាយមានជ័យ ប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយនៅកម្ពុជា
ថ្ងៃទី ៖ 11-08-2024, ដោយ admin , 87 Views
បន្ទាយមានជ័យ : មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ បោន ប៊ិន បានប្រកាសយ៉ាងជំហរ ប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយនៅកម្ពុជា ។
សំណេរនៅលើបណ្ដាញសង្គម ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ បោន ប៊ិន បានបញ្ជាក់ថា ក្នុងរយៈពលប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាល។
បើតាមលោកឧត្ដមសេនីយ៍ បោន ប៊ិន «ខ្ញុំបាទ ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំបាទប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ» ៕
|