សម្តេចធិបតី ណែនាំដល់លោកគ្រូ អ្នកគ្រូ បង្រៀនសិស្សកុំមានចិត្ដធម៌ពេក ពេលសិស្សប្រើទូរស័ព្ទនៅម៉ោងរៀន ដោយត្រូវដកទូរស័ព្ទចេញពីសិស្សទាំងអស់ ។ សម្ដេចធិបតី គូសបញ្ជាក់ថា វិន័យនៅក្នុងថ្នាក់រៀន និងការផ្ដោតអារម្មណ៍របស់សិស្ស គឺជាកត្តាសំខាន់នៅក្នុងថ្នាក់រៀន ខណៈការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀនបានបង្កផលប៉ះពាល់ជាច្រើនដល់ការសិក្សា និងទំនាក់ទំនងទំនងនៅក្នុងថ្នាក់របស់សិស្ស។
សម្ដេចធិបតី សង្ឃឹមថា នៅឆ្នាំ២០២៦-២០២៧ នេះ ថ្នាក់រៀនរបស់កម្ពុជានៅទូទាំងប្រទេសនឹងគ្មានការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន ឬក្នុងម៉ោងសិក្សាទៀតនោះទេ។
សម្ដេចធិបតីក៏ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តសហការធ្វើការងារនេះជាមួយបណ្ដារាជធានីខេត្តឱ្យបានច្បាស់លាស់ ដើម្បីជៀសវៀងសិស្សចុចទូរស័ព្ទពេលលោកគ្រូ អ្នកគ្រូបង្រៀន។
ជាមួយគ្នានេះ សម្ដេចធិបតីបានអំពាវនាវឱ្យឪពុកម្ដាយ ត្រូវសហការជាមួយគ្រូ ដើម្បីអប់រំបង្កើតទម្លាប់ និងវិន័យដល់សិស្សក្នុងការរៀន ដើម្បីធានាបណ្ដុះបណ្ដាលសិស្សមានគុណភាព។
ទន្ទឹមនឹងនេះ សម្ដេចធិបតីណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់លើការពង្រឹងអំណាននៅថ្នាក់បឋម ដើម្បីជំរុញការអានដល់សិស្សផងដែរ៕