ថ្លែងក្នុងពិធីបើកយុទ្ធនាការ ម ស្មើ ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើ មិនចម្លងមេរោគអេដស៍ទៅដៃគូ) លើកទី៥ ក្រោមប្រធានបទ : វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦នេះ បានរំឭកយើងពីចំណុចសំខាន់ៗដែលត្រូវបន្តយកចិត្តទុកដាក់ដូចខាងក្រោម :អ្នកជំងឺសរុបកំពុងទទួលការព្យាបាល មានចំនួន ៧២ ៤៦០នាក់, អ្នកជំងឺថ្មីចុះឈ្មោះទទួលការថែទាំ មានចំនួន ១ ២៣៥នាក់, ប្រជាជនរស់នៅជាមួយមេរោគអេដស៍ដែលមិនទាន់ដឹងស្ថានភាពឆ្លងមេរោគអេដស៍របស់ខ្លួន, តាមការប៉ាន់ស្មាន មានចំនួនពី ៣ ០០០ ទៅ៤ ០០០នាក់, ករណីឆ្លងថ្មីប្រចាំឆ្នាំលើក្រុមប្រជាជនប្រឈមខ្ពស់ មានប្រមាណ៨០% នៃចំនួនអ្នកឆ្លងសរុបប្រចាំឆ្នាំចំនួន៩៦០ករណី។
លោកគូសបញ្ជាក់ថា តួលេខទាំងនេះបានរំឭកយើងយ៉ាងច្បាស់ថា យើងមិនអាចធ្វេសប្រហែសបានឡើយ។ យើងត្រូវតែផ្លាស់ប្តូរទៅជា «វិធីសាស្ត្រពង្រឹងប្រព័ន្ធ» ដោយកសាងនូវបរិយាកាសស្ថាប័នដែលធានាថា ផ្តល់សេវាប្រកបដោយភាពរលូន គ្មានការរើសអើង និងមានចីរភាពហិរញ្ញវត្ថុ។
សម្តេចធិបតីបានគូសបញ្ជាក់ ការឆ្លើយតបថ្នាក់ជាតិរបស់យើងត្រូវតែឈានចូលដល់ «ដំណាក់កាលរុញច្រានចុងក្រោយ» ដោយស្វែងរក និងលុបបំបាត់គម្លាតនៃការធ្វើតេស្តរកមេរោគ ឈានទៅដល់ការស្វែងរកអ្នកផ្ទុកមេរោគដែលមិនទាន់ដឹងពីស្ថានភាពរបស់ខ្លួន និងការកសាងចីរភាពរយៈពេលវែងសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ជាតិរបស់យើង។
តាមរយៈការរៀបចំលិខិតបទដ្ឋានបច្ចេកទេស ការចាប់ផ្តើមព្យាបាលរហ័ស (Test & Treat) ការធានាបាននូវច្រវាក់នៃការផ្គត់ផ្គង់ឱសថប្រឆាំងមេរោគអេដស៍មិនឱ្យរអាក់រអួល និងការធ្វើតេស្តតាមដានកម្រិតមេរោគដែលក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលបានបង្កើតនូវគ្រឹះថែទាំសុខភាពដ៏រឹងមាំ។
ការពង្រីកសេវាថែទាំអេដស៍ប្រកបដោយគុណភាពនៅទូទាំងប្រទេស ការអនុវត្តបទដ្ឋានប្រឆាំងការរើសអើង និងការបង្កើតសេវាដែលមាន លក្ខណៈមេត្រីភាពសម្រាប់ក្រុមប្រជាជនប្រឈមមុខខ្ពស់ ដោយភ្ជាប់ជាមួយប្រព័ន្ធគាំពារសង្គម គឺជាការតភ្ជាប់វិទ្យាសាស្ត្រសង្គ្រោះជីវិត ទៅកាន់ការថែទាំប្រកបដោយសេចក្តីថ្លៃថ្នូរ និងក្តីមេត្តាករុណាយ៉ាងពិតប្រាកដ៕