ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា លោកបានសរសើរពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោដែលដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។
លោកក៏បានរំលេចផងដែរថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងាររបស់ ជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា លោកបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេសទាំងពីរគប្បីត្រូវធ្វើបន្ថែមគឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសំខាន់ថែមទៀតនោះ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តនូវការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានពិពណ៌នាអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែលមានមកជាមួយគ្នា។
សម្ដេចបានលើកឡើងថា ពេលនេះប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពូនជ្រុំនាពេលកន្លង មកតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ន។
សម្ដេចពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចបន្ថែមថាទំនាក់ទំនងស្នូលរវាងកម្ពុជានិងជប៉ុន គឺមិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹមគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនងនយោបាយរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោក៏បានអរគុណចំពោះជប៉ុនដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក៕