ទោះបីជាកិច្ចបវារណានេះ ជាសាសនកិច្ចរបស់ព្រះសង្ឃសុទ្ធសាធយ៉ាងណាក៏ដោយ ក៏ប្រជាពុទ្ធសាសនិកដោយមានសទ្ធាជ្រះថ្លា តែងនាំគ្នារៀបចំគ្រឿងបូជា និងចង្ហាន់ផ្សេងៗ យកទៅប្រគេនព្រះសង្ឃនៅពេលព្រឹក ព្រមទាំងចូលរួមស្តាប់ព្រះធម៌ទេសនា ពិសេស គឺការទេសនាមហាជាតក (ព្រះវេស្សន្តរជាតក) ដើម្បីប្រាថ្នាកុសលផលបុណ្យ។
ទន្ទឹមនឹងកិច្ចខាងសាសនា វត្តមួយចំនួនក្នុងខេត្តសៀមរាប ជាពិសេស ប្រជាជនដែលរស់នៅជុំវិញបឹងទន្លេសាប មានទំនៀមទម្លាប់ធ្វើពិធីពិសេសមួយ គឺការរៀបចំ «សំពៅ» ឬ «សង្ឃឹក»។ នៅក្នុងសំពៅនោះ គេបានរៀបចំគ្រឿងបរិក្ខារ និងភស្តុភារយ៉ាងសម្បូរបែប មានជាអាទិ៍ ស្លាធម៌ដូង បាយស្រី បាយសម្ល បង្អែមចម្អាប មាន់ស្ងោរ ផ្លែឈើ ទឹកសុទ្ធ ស្រា គ្រឿងស្ល អង្ករ ចង្ក្រាន ចាន ឆ្នាំង ឧស និងគ្រឿងលម្អផ្សេងៗ យកទៅបណ្តែតតាមស្ទឹង និងទន្លេនៅវេលាយប់។
ដោយឡែក នៅឃុំកំពង់ភ្លុក នាថ្ងៃចេញវស្សា ដែលជាពេលវេលាទឹកទន្លេមានសភាពនឹង មិនបន្តឡើងទៀតនោះ អ្នកស្រុកតែងតែរៀបចំពិធីអុំទូកថ្វាយអ្នកតាពុំដែលខានឡើយ។ គេរៀបចំប្រទីប និងសង្ឃឹកនៅក្នុងវត្តតាំងពីថ្ងៃចូលរោង ដោយប្រទីបធ្វើជារូបប្រាសាទដាក់បាយស្រីថ្វាយម្ចាស់ទឹកម្ចាស់ដី (ស្តេចនាគ និងតាកងកួច) រីឯ សង្ឃឹកធ្វើជារាងសំពៅមានក្តោងធំនៅចំកណ្តាល សម្រាប់អ្នកតា ឬព្រាយតូចតាច។ លុះដល់រសៀល គេនាំគ្នាប្រមូលទូកចែវ ឬទូកប្រហុក មកអុំចុះឡើងលេងកម្សាន្តពីក្នុងភូមិរហូតដល់ពាម ប្រកបដោយបរិយាកាសសប្បាយរីករាយ ដោយមានអ្នកស្រុកចូលរួមជាប្រាក់ និងនំបង្អែមផ្សេងៗ។
បន្ទាប់មក គេអុំទូកតម្រង់ទៅពាមក្បែរកោះតាពពុះទឹក ដើម្បីរៀបចំការប្រណាំងទូក ដោយមានរូបស្នងអ្នកតាឈរបញ្ជាលើទូក។ កាលបើអ្នកតាលេងអុំទូករហូតដល់ឡើងរាំកម្សាន្តតាមចង្វាក់ភ្លេងសប្បាយចិត្តហើយ គេក៏ទម្លាក់ប្រទីប និងសង្ឃឹកចូលទៅក្នុងទឹក រួចអុំទូកប្រទក្សិណ ៣ជុំ ជុំវិញនោះ។
ក្រោយបញ្ចប់កិច្ចបណ្តែត តាមទម្លាប់ គេត្រូវអុំទូកឱ្យហួសទៅដល់ «កោះរាំង» ដែលនៅខាងកើតភូមិសិន ទើបត្រឡប់ចូលមកកាន់ភូមិវិញ។ ការអុំទូកឱ្យហួសភូមិបែបនេះ គឺជាកិច្ចពិធី «បង្វែងដាន» ដើម្បីបញ្ចៀសកុំឱ្យមានអមនុស្ស ឬព្រាយបិសាច តោងតាមមកចូលក្នុងភូមិរបស់អ្នកស្រុកឡើយ៕