នៅក្នុងសេចក្តីថ្លែងការណ៍ជាតិនោះ លោកបានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងបន្តដំណើរទៅមុខយ៉ាងស្វាហាប់ ដោយផ្អែកលើគ្រឹះសន្តិភាព និងសមិទ្ធផលនានា ដែលបន្សល់ទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកម្ពុជា។ ជាមួយគ្នានេះ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងមុតស្រួច ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយចីរភាព។
ក្នុងឱកាសនោះ លោកបានលើកឡើងពីការដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រា» ដែលជាត្រីវិស័យជំរុញឱ្យអនាគត និងតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយវិបត្តិបរិស្ថានសកល និងការការពារភពផែនដីឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព។
លោក បានថ្លែងបន្ថែមថា ស្របតាមក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ (KM-GBF) យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) របស់កម្ពុជា បានកំណត់គោលដៅជាតិចំនួន ២៣ ដែលរៀបចំឡើងជុំវិញ បណ្តុំលទ្ធផលសំខាន់ៗចំនួន ៦។
គោលដៅទាំងនេះផ្តោតសំខាន់លើការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត និងការពង្រឹងអភិបាលកិច្ចនៃតំបន់ការពារចំនួន ៧៣ របស់កម្ពុជា ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ៧ លានហិកតា ឬស្មើនឹងជាង ៣៩% នៃផ្ទៃដីទូទាំងប្រទេស ដែលលើសពីគោលដៅទី ៣ នៃក្របខ័ណ្ឌការងារ KM-GBF ទៅទៀត។
លោកបានមានប្រសាសន៍លើកឡើងផងដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការជីវៈចម្រុះ, ក្របខ័ណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់ KM-GBF, សេចក្តីប្រកាស Yerevan និងគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធ ដោយសង្កត់ធ្ងន់ថា ការបំពេញចន្លោះខ្វះខាតផ្នែកហិរញ្ញវត្ថុសកល គឺជាកត្តាសំខាន់បំផុតសម្រាប់ការសម្រេចបាននូវលទ្ធផលជាក់ស្តែង។
លើសពីនេះ កម្ពុជាក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល ក្រុមស្ត្រី យុវជន និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគាំទ្រ NBSAP ដែលបានអនុម័តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្ញើជូនទៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ ព្រមទាំងជួយធានាឱ្យមានធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវភាពសុខដុមរម្យនាជាមួយធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ៕