ក្នុងពិធីអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ដើម្បីឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូ ត្រូវយកសាលារៀនខ្លះមកអនុវត្តដើម្បីយកមតិយោបល់ បទពិសោធន៍ហើយយកទៅអនុវត្តនៅទូទាំងប្រទេស ។
សម្ដេចធិបតីមានប្រសាសន៍បន្តថា កន្លងទៅមានគេសួរថា ក្រសួងអប់រំមានសាលារៀនមានស្ដង់ដារច្រើនម៉្លេះ មានទាំងសាលាជំនាន់ថ្មី សាលាគំរូផង តាមពិតមិនមាននោះទេ គឺមានតែ សាលារដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រង ដឹកនាំ ទទួលខុសត្រូវ របស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្ស ព្រោះនេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។
សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា ថ្ងៃមុនមានគេស្នើសុំបង្កើតសាលាគំរូសម្តេចបវរធិបតី ថាមិនបាច់ទេ ហើយស្អីសាលាគ.ប.អ អត់ទេ ឈប់ទៅ គ្រាន់តែហៅងាយស្រួលចាំ មានតែសាលារដ្ឋរបស់កម្ពុជាក្រោមការដឹកនាំគ្រប់គ្រងទទួលខុសត្រូវរបស់ក្រសួងអប់រំ និងមន្ទីរអប់រំដែលជាសេនាធិការរាជរដ្ឋាភិបាល ។
សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំជាខ្លាំងក្នុងការកសាងសង់សាលារៀននៅមូលដ្ឋានបណ្ដារាជធានី ខេត្ត ប៉ុន្ដែល្បឿននៃការកសាងនេះយឺតជាងល្បឿននៃកំណើនរបស់ប្រជាជន ។ ដូច្នេះរាជរដ្ឋាភិបាលត្រូវដាក់គោលនយោបាយឱ្យចំគោលដៅតែម្ដង ខណៈសាលារៀនបានឱ្យកែទម្រង់ឱ្យមានស្ដង់ដាតែមួយនៅគ្រប់កន្លែងទាំងអស់៕