ស្ពានទ័ពត្រូវបានសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ហើយត្រូវបានចាត់ទុកថាជាស្ពានបុរាណដ៏ធំ និងវែងបំផុតមួយដែលសាងសង់ក្នុងរជ្ជកាលព្រះអង្គ។ ស្ពានមានប្រវែងប្រមាណ ១៥០ម៉ែត្រ កម្ពស់ប្រមាណ ១០ម៉ែត្រ ទទឹង ១៦,៤០ម៉ែត្រ និងមានប្រហោងទ្វារស្ពាន ឬ «រន្ធតាដេវ» ចំនួន ២៨ប្រឡោះ។ ជាអកុសល បេតិកភណ្ឌដែលបានឈរឆ្លងកាត់ពេលវេលាអស់រយៈពេលជាង ៨០០ឆ្នាំ នេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងសង្គ្រាមឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជានៅចុងឆ្នាំ២០២៥។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ពានទ័ពបានរងការវាយប្រហារដោយគ្រាប់បែកប្រភេទ MK-82 ដែលត្រូវបានរាយការណ៍ថាទម្លាក់ពីយន្តហោះ F-16 របស់កងទ័ពថៃ នៅចំនួនពីរទីតាំង គឺត្រង់ក្បាលស្ពានខាងជើង និងខាងត្បូង។ ការវាយប្រហារនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃស្ពានចំនួន ៦៨កន្លែង។ អ្វីដែលគួរឱ្យសោកស្តាយជាងនេះ គឺការខូចខាតបានកើតឡើងលើបេតិកភណ្ឌដែលកម្ពុជាបានខិតខំអភិរក្ស និងជួសជុលជាបន្តបន្ទាប់អស់រយៈពេលជាងមួយទសវត្សរ៍។ ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុវត្តការជួសជុលស្ពានទ័ពចំនួន ៨ដំណាក់កាល។
កិច្ចខិតខំប្រឹងប្រែងអភិរក្សនេះត្រូវបានរំខានដោយសង្គ្រាមឈ្លានពាននៅចុងឆ្នាំ២០២៥ ហើយការខូចខាតថ្មីបានធ្វើឱ្យស្ថានភាពរចនាសម្ព័ន្ធស្ពានកាន់តែផុយស្រួយ។
បច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងពិនិត្យលទ្ធភាពបន្តការងារអភិរក្ស និងជួសជុលឡើងវិញ ខណៈផ្នែកសំខាន់ៗមួយចំនួននៃស្ពានបានទ្រុឌទ្រោមកាន់តែខ្លាំង ដោយសារទាំងផលប៉ះពាល់ពីលំហូរទឹក និងការខូចខាតដែលបង្កឡើងដោយការផ្ទុះគ្រាប់បែក។ សង្គ្រាមឈ្លានពានអាចបញ្ចប់ ប៉ុន្តែស្លាកស្នាមដែលសង្គ្រាមបន្សល់ទុកលើបេតិកភណ្ឌស្ថិតនៅរាប់សតវត្សរ៍។
ស្ពានទ័ពមិនមែនគ្រាន់តែជាសំណង់ថ្មមួយខ្សែនោះទេ។ វាជាសក្ខីភាពនៃអរិយធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ដែលត្រូវការការការពារ និងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ៕