ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការជួបជុំគ្នានៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែន ដើម្បីផ្លាស់ប្តូរពាក្យ សម្តីលួងលោមចិត្ត ឬផ្តល់នូវក្តីសង្ឃឹមដែលគ្មានការពិតនោះទេ។
យើងមកទីនេះក្នុងនាមជាតំណាង ដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិរបស់យើង។ សម្តេចតេជោ គូសបញ្ជាក់ថា កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឹងម៉ាត់។
ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកល ដ៏ច្របូកច្របល់នាពេល បច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា «យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាន នូវស្ថានភាពដែលល្អបំផុត។
តថភាពជាក់ស្តែង គឺពិតជាពិភពលោករបស់យើងបានផ្លាស់ប្តូរទៅរករបត់ថ្មីដ៏គ្រោះថ្នាក់មួយ ដែលធ្វើឱ្យយើងធ្វើដំណើរឆ្លងកាត់ស្ថានភាពចលាចលជាប្រចាំ ។អ្វីដែលយើងធ្លាប់ជឿជាក់ថាជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លី ឲ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្រ្ត ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ។»
សម្តេចតេជោ បន្ថែមថា «ជាការគួរឱ្យសោកស្តាយ មនុស្សជាតិហាក់ដូចជាបានបរាជ័យក្នុងការរៀនសូត្រពី មេរៀនដ៏ឈឺចាប់នៃប្រវត្តិសាស្ត្រ។ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកទាំងពីរលើក យើងបានតាក់តែងគោលការណ៍មនុស្សជាតិមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយ ដើម្បីកុំឱ្យយើងធ្លាក់ចូលទៅក្នុងជម្លោះសកលជាលើកទីបី។ ប៉ុន្តែជាអកុសល ពិភពលោកហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់ទាំងនេះ៕