ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងយោធពលខេមរភូមិន្ទ និង ICRC ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងតំបន់។
លោក រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា ជាពិសេសការសម្របសម្រួលយ៉ាងសកម្មប្រកបដោយផ្លែផ្កា ក្នុងការឈានទៅដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់នាពេលកន្លងមក ហើយ នេះគឺជាការរួមចំណែកដ៏មានសារៈសំខាន់របស់ ICRC។
បន្ថែមពីនេះ លោក រដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់ក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងកម្ពុជា និងថៃ។
ជាការឆ្លើយតប លោក Jürg Montani បានបង្ហាញពីការពេញចិត្តក្នុងការចូលរួមចំណែក សម្របសម្រួល និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ICRC ក្នុងការបន្តគាំទ្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕