លោកស្រីក៏បានអបអរសាទរចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជា និងហ្វីលីពីន ជាពិសេស កិច្ចសហការស្អិតរមួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាលើការងារនេះ។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។
ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, កសិកម្ម, វប្បធម៌, ការពារជាតិ និងសន្តិសុខ ជាដេីម។
ឯកអគ្គរដ្ឋទូតបានបន្តថា សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបទី៧០ឆ្នាំ នៃការបង្កេីតទំនាក់ទំនងការទូត រវាងហ្វីលីពីន និងកម្ពុជា ដែលនេះជាពេលវេលាដ៏សំខាន់ ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ឯកអគ្គរដ្ឋទូតបានក៏បានគូសបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹងបន្តអនុវត្តបេសកកម្ម ប្រកបដោយតម្លាភាព និងអព្យាក្រឹត។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកស្រីឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លា ជាពិសេស, លើវិស័យកសិកម្ម និងទេសចរណ៍។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕