ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ "សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា" នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការអនុវត្តនូវច្បាប់កាតព្វកិច្ចយោធាបានផ្តល់គោលការណ៍សំខាន់និងមានអត្ថប្រយោជន៍ច្រើន ។ អត្តប្រយោជន៍ទាំងនោះត្រូវបានសម្តេចធិបតីគូសរំលេចថា គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្តែង ដែលអាចអនុវត្តតាមការស្ម័គ្រចិត្ត ឬចាប់បង្ខំទៅតាមស្ថានភាពជាក់ស្តែងចំពោះពលរដ្ឋមានអាយុពី១៨-២៥ឆ្នាំ នឹងក្លាយទៅជាយោធិនបំរុង រហូតដល់អាយុ៤៥ឆ្នាំ ក្រោយបញ្ចប់បំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ។ សម្តេចធិបតីមានប្រសាសន៍ថា អត្ថប្រយោជន៍មួយទៀតផ្តល់ទៅគោលការណ៍កាតព្វកិច្ចចំពោះបុរសនិងគោលការណ៍ស្ម័គ្រចិត្តចំពោះស្រ្តី ។ ម្យ៉ាងទៀត គោលការណ៍ហ្វឹកហាត់ជាប្រចាំ ចំពោះយោធិនបំរុងតាមកម្មវិធី និងការកំណត់ ជាក់ស្តែង ។
សម្រាប់គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាស សាធារណៈ ឬឯកជន ចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាជោគជ័យ អាចវិលទៅបម្រើការនៅអង្គភាពដើមវិញក្នុងមុខតំណែងដដែល និងគោលការណ៍ត្រៀមចូលរួមបេសកកម្មនៅពេលប្រទេសជាតិមានតម្រូវការចំពោះយោធិនបំរុង ។ “ការអនុវត្តគោលការណ៍ទាំង៥នេះ ទើបយើងអាចរួមចំណែកក្នុងការកសាងធនធានយុវជនរបស់យើង ឱ្យមានកាយសម្បទារឹងមាំ មានវិន័យ មានសីលធម៌ មានវិជ្ជាជីវៈ មានសុឆន្ទៈបម្រើសង្គមជាតិ មាតុភូមិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬវិស័យស៊ីវិលឯកជននោះទេ ព្រោះយើងបានប្រែក្លាយធនធានយុវជនឱ្យទៅជាមូលធនពិត មនុស្សពិតប្រាកដនិងមានតម្លៃសម្រាប់សង្គមជាតិ”។
សម្តេចធិបតីបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តច្បាប់នេះថា គឺជាគោលនយោបាយយុទ្ធសាស្រ្តដែលនឹងធ្វើឱ្យមានតម្រូវការចំណាយថវិការដ្ឋបន្ថែម ប៉ុន្តែនឹងផ្តល់អត្ថប្រយោជន៍ចម្បងៗស្ទើរតែមិនអាចកាត់ថ្លៃបាន ។
ក្នុងនោះផ្តល់អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិបង្កើតជាប្រព័ន្ធ និងយន្តការមួយច្បាស់លាស់ដែលប្រភពកសាងកំលាំងការពារជាតិដ៏រឹងមាំប្រកបដោយសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាពឆ្លើយតបគ្រប់គ្រាន់និងទាន់ពេលវេលាចំពោះសកម្មភាពគំរាមកំហែងពីខាងក្រៅ៕