ក្នុងការអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប ចំនួន១,១៨២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។
សម្ដេចតេជោ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពត និងកែប ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
យោងតាមរបាយការណ៍របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ខេត្តកែបពីមុន មាន ឈ្មោះថា ក្រុងកែប-បូកគោ ដែលបង្កើតឡើងនៅឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថសម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដមសីហនុ។ នៅឆ្នាំ១៩៧៩ ខេត្តកែបគ្រាន់តែជាឃុំមួយឈ្មោះថា «ឃុំកែប» ដែលស្ថិតនៅ ចំណុះ ស្រុកកំពត ខេត្តកំពត។ លុះដល់ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋ កម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ និងត្រូវបានប្តូរឈ្មោះជា«ខេត្តកែប» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។ មុខរបរចម្បងរបស់ ប្រជាពលរដ្ឋ គឺការធ្វើស្រែចម្ការ នេសាទសមុទ្រ ផលិតអំបិល និងអាជីវកម្ម ទេស ចរណ៍។ ដោយឡែកខេត្តកំពត តាមរបាយការណ៍របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹងថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង ៦៦,៥៥គីឡូម៉ែត្រ មានព្រំដែនគោកជាប់ជាមួយខេត្តអានយ៉ាងប្រទេសវៀតណាម មានប្រវែងប្រមាណ ៤២,៣គីឡូម៉ែត្រ។ កំពតមានសក្ដានុពលធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍,មានកំពង់ផែធំៗ ចំនួន៥កន្លែង រោងចក្រស៊ីម៉ងត៍ ចំនួន៤កន្លែង វារីអគ្គិសនីផលិតថាមពលបាន ចំនួន ១៩៤,១មេកាវ៉ាត់ ព្រមទាំងមានប្រព័ន្ធគមនាគមន៍តភ្ជាប់គ្នាជាច្រើន៕