ថ្លែងក្នុងពិធីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា វិស័យរ៉ែ គឺជាវិស័យយុទ្ធសាស្រ្តមួយ ដែលពិភពលោកបានអភិវឌ្ឍន៍ ។
ក្នុងនោះសម្រាប់កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់នៅលើអភិវឌ្ឍន៍នេះផងដែរ ។ លោកបន្ថែមថា ជុំវិញវិស័យរ៉ែនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា គឺបានថ្លឹងថ្លែង និងបានកំណត់នូវអភិក្រម ។ ជាក់ស្តែង នៅតំបន់ព្រៃឡង់ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មថ្មី លើសពីអ្វីដែលបានអនុញ្ញាតពីមុននោះទេ។
ទោះបីយ៉ាងណា ការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា គឺនៅមានកាលានុវត្តភាពខ្ពស់ ក្នុងការចូលរួមពីវិស័យឯកជន ដោយបញ្ហានេះរាជរដ្ឋាភិបាលបង្កនូវលក្ខខណ្ឌចាំបាច់ទាំងឡាយណា ដើម្បីឱ្យវិស័យឯកជនអាចចូលរួម អភិវឌ្ឍន៍នៅក្នុងវិស័យរ៉ែនេះដូចជា វិស័យថាមពល វិស័យរ៉ែ និងប្រេងកាតជាដើម។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ជាគោលជំហរ កម្ពុជានៅតែអភិវឌ្ឍន៍វិស័យអគ្គិសនី និងវិស័យរ៉ែ ប៉ុន្តែការអភិវឌ្ឍនេះប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន, តុល្យភាពការអភិវឌ្ឍ និងការអភិរក្ស ជាពិសេសការផ្តល់ភាពច្បាស់លាស់នៃការប្រមូលចំណូលចូលរដ្ឋ។ ជុំវិញការវិនិយោគលើវិស័យអគ្គិសនី និងវិស័យរ៉ែ បាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ ៕