បើតាមរបាយការណ៍ បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋប្ដឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន មានពាក្យបណ្ដឹងសរុបចំនួន ៦១០បណ្ដឹង។ បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន១៤៩របាយការណ៍។
ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយ អគ្គាធិការដ្ឋាន បានពិនិត្យចាត់ចែងពាក្យបណ្ដឹង ក៏ដូចជារបាយការណ៍បំភ្លឺដែលទទួលបានពីអង្គភាពពាក់ព័ន្ធ (ក្នុងនោះមានចំនួន ១៤៩របាយការណ៍) អគ្គាធិការដ្ឋានបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន ២៩៥បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន ១២៩របាយការណ៍។
របាយការណ៍បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន បានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវចំនួន ២៥បណ្ដឹង និងបានចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃចំនួន ៥គោលដៅ ស្មើនឹង ១៦ស.ជ.ណ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ឱ្យដឹងថា ជារួម លទ្ធផលក្នុងរយៈពេល៣ខែដើមឆ្នាំនេះ អគ្គាធិការដ្ឋានសម្រេចដោះស្រាយពាក្យបណ្ដឹង ស្មើនឹង ៦២% នៃបណ្ដឹងសរុប ដែលចំនួននេះបានកើនឡើង ១០% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈបណ្ដឹងនៅសេសសល់២៣២បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត។
គួរកត់សម្គាល់ថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក៏បានបង្ហាញនូវលទ្ធផលនៃការចុះតាមដានការអនុវត្តសេចក្តីជូនដំណឹង ការដាក់វិន័យ និងទណ្ឌកម្ម រួមមាន ដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ១រូប(មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី) បណ្តេញចេញពីក្របខ័ណ្ឌ២រូប(មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍១រូប, មន្ត្រីនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ១រូប) ដកហូតមុខតំណែង២រូប(មន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា១រូប, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង) បន្ថយឋានន្តរស័ក្តិ២រូប(មន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស១រូប, មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២រូប នៃអធិការដ្ឋានខណ្ឌទួលគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) ព្រមានជាលាយលក្ខណ៍អក្សរ៩រូប និងណែនាំ៦រូប៕