អាជ្ញាធរជាតិអប្សរា បានណែនាំដល់ ភ្ញៀវទេសចរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចតយានយន្ត ឬឈរនៅក្រោមដើមឈើធំៗ នៅពេលមានខ្យល់កន្ត្រាក់ ឬភ្លៀងធ្លាក់ខ្លាំង ដែលអាចបណ្តាលឱ្យមានការបាក់មែក ឬដួលរំលំដើមឈើ។ ក្នុងករណីមានភ្លៀងផ្គររន្ទះ សូមជៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងមិនត្រូវជ្រកក្រោមដើមឈើឡើយ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។
ត្រូវស្លៀកពាក់ឱ្យបានសមរម្យតាមលក្ខណៈប្រពៃណី និងតម្លៃសីលធម៌ខ្មែរ។ ការស្លៀកពាក់ខ្លីពេក (លើក្បាលជង្គង់) ឬបញ្ចេញស្មា ត្រូវបានហាមឃាត់ក្នុងតំបន់សក្ការៈ។ ជៀសវាងការប្រើប្រាស់ឆ័ត្រដែលមានចុងស្រួចខ្លាំង ឬស្បែកជើងកែងចោតដែលងាយនឹងរអិលនៅពេលថ្មប្រាសាទសើម។ ហាមប្រាមការស្លៀកពាក់ ឬប្រើប្រាស់សម្ភារៈដែលមានស្លាកសញ្ញាផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដែលផ្ទុយនឹងគោលការណ៍គ្រប់គ្រងបេតិកភណ្ឌ។
សេចក្តីណែនាំបានបញ្ជាក់ទៀតថា ភ្ញៀវទេសចរត្រូវរក្សាគម្លាត និងជៀសវាងការផ្តល់ចំណីដល់សត្វស្វា ដែលអាចបណ្តាលឱ្យសត្វបាត់បង់សភាវគតិធម្មជាតិ និងអាចបង្កហានិភ័យដល់សុខភាព និងសុវត្ថិភាព ។ ត្រូវគោរពតាមផ្លាកសញ្ញាណែនាំ និងមិនត្រូវប៉ះពាល់ចម្លាក់ បង្អែកលើថ្មប្រាសាទ ឬចូលទៅក្នុងតំបន់ដែលកំពុងជួសជុលឡើយ។ សូមកុំផ្តល់ប្រាក់ ឬនំចំណីដល់កុមារដែលដើរសុំទាន ដើម្បីលើកទឹកចិត្តឱ្យពួកគេត្រឡប់ទៅសាលារៀនវិញ។
ភ្ញៀវទេសចរទាំងអស់ត្រូវ ចូលរួមទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ និងរក្សាភាពស្ងប់ស្ងាត់ក្នុងបរិវេណសក្ការៈ។ អាជ្ញាធរជាតិអប្សរា សង្ឃឹមយ៉ាងមុតមាំថា សមាគមទីភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ ក្រុមហ៊ុនទេសចរណ៍ និងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃសម្បត្តិវប្បធម៌ជាតិយើង៕