|
ទីតាំងរបស់លោកមេឃុំ អូរបីជាន់ បង្កប់បទល្មើសឆបោកតាមអនឡាញ
ថ្ងៃទី ៖ 11-05-2026, ដោយ Dara007 , 86 Views
បន្ទាយមានជ័យៈ ទីតាំងរបស់លោកមេឃុំ អូរបីជាន់ បង្កប់បទល្មើសឆបោកតាមអនឡាញ ខណៈដែល
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិចុះឆែកឆេរឃេីញឧបករណ៍បំរេីឱ្យបទល្មើសឆបោកតាមអនឡាញមួយចំនួនធំ ។
ក្នុងការចុះពិនិត្យទីតាំងអគារមួយកន្លែង នៅផ្លូវជាតិលេខ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគេស្គាល់ថាជារបស់លោក តុល សារិន ( មេឃុំអូរបីជាន់ ) និងប្រពន្ធឈ្មោះ ពៅ វណ្ណា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញទូរស័ព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលបម្រើឲ្យសកម្មភាពលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) តែមិនមានរកឃើញជនល្មើសឡើយ។ បច្ចុប្បន្នកម្លាំងជំនាញបានសម្រេចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្ដស្រាវជ្រាវតាមនីតិវិធី៕
|