របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា ជនបរទេសចម្រុះសញ្ជាតិទាំង១២១នាក់នោះ រួមមានៈ ជនជាតិចិន ៤២ នាក់ (ស្រ្តី២នាក់ ), ស្រីលង្កា ៣៧ នាក់ (ស្រ្តី៣នាក់), វៀតណាម ២២ នាក់ (ស្រ្តី៣នាក់ ) , ឥណ្ឌា ១២ នាក់ (ស្រ្តី១នាក់) គេនយ៉ា១នាក់, ស្រ្តីហ្វីលីពីន១នាក់ , នេប៉ាល៣នាក់ (ស្រ្តី១នាក់ ) , បង់ក្លាសដេស២ នាក់ និងម៉ាឡេស៊ី១នាក់ ។ ជាមួយគ្នានេះ វត្ថុតាងដែលជាមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើសអនឡាញ រួមមានកុំព្យូទ័រចំនួន ១២៣ គ្រឿង និងទូរសព្ទដៃចំនួន ១៣២ គ្រឿង ត្រូវបានដកហូតដើម្បីទុកជាភស្តុតាង និងបន្តការពិនិត្យផ្នែកបច្ចេកទេស។
បច្ចុប្បន្ន ជាចំណាត់ការ ជនជាតិចិនចំនួន ៤២ នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរស្វែងរកមេខ្លោង និងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ខណៈដែលចំនួន ៧៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា តាមរយៈការបង្ក្រាបទីតាំងថ្មីខាងលើ បានធ្វើឱ្យចំនួនទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស Online Scam ដែលអាជ្ញាធរខេត្តព្រះសីហនុបង្ក្រាបបាន កើនឡើងរហូតដល់ ២៤ ទីតាំង ក្នុងចំណោមទីតាំងសរុប ៣១ កន្លែង ដែលត្រូវបានត្រួតពិនិត្យក្នុងយុទ្ធនាការនាបោសសម្អាតបទល្មើសonline sam នាពេលចុងក្រោយនេះ។ នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ក្នុងការលុបបំបាត់រាល់សកម្មភាពបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕