ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។ ជាលទ្ធផល ប្រតិបត្តិការក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះ បានរកឃើញជនបរទេស១០៧នាក់ ក្នុងនោះ មានស្រី២៦នាក់ សរុបស្មើ៤សញ្ជាតិ រួមមានចិន៦៧នាក់ ស្រី៧នាក់ (មានលិខិតឆ្លងដែន៥៨ក្បាល) ឥណ្ឌូនេស៊ី ២១នាក់ ស្រី៩នាក់ (មានលិខិតឆ្លងដែន១៧ក្បាល) មីយ៉ាន់ម៉ា២នាក់ ស្រី (មានលិខិតឆ្លងដែន) និង វៀតណាម១៧នាក់ ស្រី៨នាក់ (មានលិខិតឆ្លងដែន១៧ក្បាល)។
ក្រៅពីជនពាក់ព័ន្ធខាងលើ សមត្ថកិច្ចបានរកឃើញឧបករណ៍-សម្ភារៈ រកឃើញមាន កំព្យូទ័រលើតុ ALL IN ONE ៨៩គ្រឿង កំព្យូទ័រយួរដៃ ៥៧គ្រឿង iPad ៧៣គ្រឿង MONITOR ១គ្រឿង ទូរស័ព្ទដៃចម្រុះម៉ាក ១,៤២១គ្រឿង ម៉ាស៊ីន PRINTER ១គ្រឿង និងទូដែក៧។
នេះបើតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ផ្អែកតាមសកម្មភាពត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា ក្នុងចំណោមអ្នកពាក់ព័ន្ធ មានជនសង្ស័យ៤នាក់ បានប្រព្រឹត្ត សកម្មភាពលបលួចធ្វើអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ តាមរយៈ វេបសាយ BABY SLOT និង២នាក់ទៀត ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។
ជនសង្ស័យ៤នាក់ បានកសាងសំណុំរឿង និងបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងប្រគល់ជនសង្ស័យ២នាក់ទៀត រួមនឹងវត្ថុតាងពាក់ព័ន្ធ ឱ្យទៅកម្លាំងស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។ ចំណែកជនបរទេសចំនួន១០១នាក់ផ្សេងទៀត បានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី៕