ថ្លែងក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីការអនុវត្តធនធានមនុស្ស ក្នុងយុគសម័យ AI (Reimagining HR Practices in the Age of AI)» នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel លោក ហេង សួរ បានបន្ដថា ដើម្បីធានាឱ្យបាននូវកម្លាំងពលកម្មដែលមានសមត្ថភាព និងភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃឧស្សាហកម្មដែលកំពុងវិវត្តឥតឈប់ឈរ ក្រសួងបាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ក្នុងគោលដៅផ្គត់ផ្គង់ដល់វិនិយោគិននូវកម្លាំងពលកម្មវ័យក្មេងដែលមានថាមពល និងសក្ដានុពលស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់បំផុតលើការកសាងមូលធនមនុស្ស។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិស័យឧស្សាហកម្ម ដើម្បីរួមគ្នាបង្កើតកម្មវិធីសិក្សាផ្អែកលើការអនុវត្តការងារជាក់ស្តែង (Work-Based Learning) កម្មវិធីហ្វឹកហ្វឺនកូនជាង (Apprenticeship Program) និងការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (On-the-Job Training-OJT)។
ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសិស្សនិស្សិតឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពួកគាត់អាចរកប្រាក់ចំណូលបានក្នុងអំឡុងពេលហ្វឹកហាត់ការងារផងដែរ។ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ EuroCham ចំពោះការរៀបចំវេទិកាដ៏សំខាន់ និងការចូលរួមក្នុងការពង្រឹងកម្លាំងការងារនៅកម្ពុជាសម្រាប់អនាគត លោករដ្ឋមន្រ្តី សង្ឃឹមថាតាមរយៈវេទិកាថ្ងៃនេះ នឹងទទួលបានធាតុចូលល្អៗសម្រាប់ជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយឯកឧត្តមជំរុញឱ្យមានការវិនិយោគបន្ថែមលើធនធានមនុស្ស ដែលមិនត្រូវគិតថា ជាការចំណាយ តែជាការវិនិយោគយុទ្ធសាស្ត្រនៅក្នុងសមត្ថភាពប្រកួតប្រជែង, ការទទួលយកនវានុវត្តន៍ដោយមានការទទួលខុសត្រូវ ដូចជា AI ជាដើម ព្រមទាំងពង្រឹងកិច្ចសហការដែលរាជរដ្ឋាភិបាល និយោជក និងស្ថាប័នបណ្តុះបណ្តាល ត្រូវធ្វើការជាមួយគ្នា ដើម្បីធានាថាកម្លាំងការងារកម្ពុជា បានត្រៀមខ្លួនមិនត្រឹមតែសម្រាប់ការងារនាពេលបច្ចុប្បន្នទេ តែសម្រាប់ពេលអនាគតផងដែរ។
ក្នុងវេទិកានេះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង សួរ ដែលបន្តគាំទ្រ និងចូលរួមវេទិកានេះជារៀងរាល់ឆ្នាំ។ លោកបានលើកឡើងថា កម្លាំងការងារនៅតែជាឆ្អឹងខ្នងដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក៏កាន់តែមានសារៈសំខាន់ លើការសិក្សាផ្អែកលើការអនុវត្តការងារ កម្មវិធីហ្វឹកហាត់ការងារ និងការបណ្តុះបណ្តាលនៅកន្លែងធ្វើការ។
បន្ថែមពីនេះ ការទទួលយកឧបករណ៍ឌីជីថលក្នុងការជ្រើសរើស បណ្តុះបណ្តាល ការគ្រប់គ្រងទីផ្សារ និងប្រតិបត្តិការអាជីវកម្ម នឹងជួយលើកកម្ពស់ផលិតភាព និងបន្ថយសម្ពាធលើប្រាក់ឈ្នួល។ លោកបញ្ជាក់ថា EuroCham នឹងបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ជាពិសេសភាពជាដៃគូជាមួយក្រសួងការងារ និងសមាជិករបស់ខ្លួន ដើម្បីអភិវឌ្ឍវិស័យនេះ សម្រាប់ជាអត្ថប្រយោជន៍រួមទាំងវិស័យនេះ និងសមាជិកទាំងអស់នៅកម្ពុជា៕