ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការបញ្ជូនអតីតលោក ចេន ហ្សី គឺជាទិដ្ឋភាពច្បាប់ ទ្រព្យសម្បត្តិ ដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងទ្រព្យសម្បត្តិដែលជាផលនៃការសម្អាតប្រាក់ សុទ្ធតែជាកម្មវត្ថុនៃការរឹបអូស ចូលជាទ្រព្យសម្បត្តិរដ្ឋ ជាថវិការបស់ជាតិ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ចំពោះករណីនេះសមត្ថកិច្ចជំនាញកំពុងតែដំណើរការរឹបអូសទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើស ខណៈសំណុំរឿងនៃបទល្មើសមានច្រើន។ ហើយនេះជាយុទ្ធនាការមួយដែលបានប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីបំពេញកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវ សម្រាប់ប្រទេសជាតិកម្ពុជា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តមិនដកថយជាដាច់ខាត ចំពោះការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា។សំឡេង«ទិដ្ឋភាពច្បាប់ ទ្រព្យសម្បត្តិ ដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងទ្រព្យសម្បត្តិដែលជាផលនៃការសម្អាតប្រាក់ សុទ្ធតែជាកម្មវត្ថុនៃការរឹបអូស ចូលជាទ្រព្យសម្បត្តិរដ្ឋ ជាថវិការបស់ជាតិ»។
សូមបញ្ជាក់ថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង ២៥០ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ។ ក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ជនបរទេសចំនួន ១១,០០០នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធOnline Scams។ ជាមួយគ្នានេះ អាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានី ខេត្ត ជាង ១០,០០០កន្លែង ដែលមានវត្តមានជនបរទេសប្រមាណ ៨០,០០០នាក់ស្នាក់នៅ ស្មើនឹង ៧៨សញ្ជាតិ៕