ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Reto Grüninger នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការបន្តកិច្ចគាំទ្រលើអភិបាលកិច្ច និងការសម្របសម្រួលលើប្រព័ន្ធ TVET នៅកម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីវឌ្ឍភាពការងារ និងទិសដៅអាទិភាពចម្បងៗរបស់ក្រសួង ឱ្យស្របតាមស្តង់ដា និងកាន់តែមានភាពប្រមូលផ្តុំលើការផ្តល់ការបណ្តុះបណ្តាល ការធានាគុណភាព និងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ សេដ្ឋកិច្ចឌីជីថល និងសង្គម និងសេដ្ឋកិច្ចបៃតងផងដែរ។
ជាមួយគ្នានេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករពីប្រទេសថៃអាចទទួលបានការទទួលស្គាល់ជំនាញ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងបានការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់ពួកគាត់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់។ ការធ្វើតេស្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយបងប្អូនដែលបានឆ្លងកាត់ការវាយតម្លៃនេះជាប់ នឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញពីមុនជាផ្លូវការ។
លោករដ្ឋមន្រ្តីក៏បានរំលេចដែរថា ក្នុងពេលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង រថយន្តអគ្គិសនី (EV) និងថាមពលព្រះអាទិត្យ ឬថាមពលកកើតឡើងវិញ គឺកំពុងទទួលបានការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាល។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធនាំចូលរថយន្ត EV ដើម្បីឲ្យមានកំណើននៅកម្ពុជា និងមានតម្លៃសមរម្យជាងមុន។ ទន្ទឹមនេះ ក្រសួងយល់ស្របថា ជំនាញមេកាត្រូនិច (mechatronics) និងអគ្គិសនី គឺជាមូលដ្ឋានសម្រាប់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ព្រោះថាមិនថានៅក្នុងរោងចក្រ ឬវិស័យយានយន្តទេ មេកាត្រូនិច គឺជាជំនាញស្នូលដែលក្រសួងត្រូវការ។ ក្រៅពីនេះ វាត្រូវការឲ្យសិស្សមានមូលដ្ឋានខាងវិទ្យាសាស្ត្រខ្លាំងជាងមុន ព្រោះវាជាការរួមបញ្ចូលគ្នារវាងមេកានិច អេឡិចត្រូនិច និងបច្ចេកវិទ្យា ក៏ដូចជា AI។
នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងនិង SDC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ ក៏ដូចជាកម្លាំងពលកម្មកម្ពុជាតាមរយៈការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្ម។
ជាការឆ្លើយតប លោក Reto Grüninger បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជា វឌ្ឍនភាពការងារក្នុងការលើកកម្ពស់ជំនាញកម្លាំងពលកម្មនៅកម្ពុជា ដោយលោកគូសបញ្ជាក់ថា SDC តែងតែព្យាយាមធ្វើឱ្យមានភាពបត់បែន ហើយពិតជាបន្តការគាំទ្រនូវអ្វីដែលដែលអាចធ្វើឱ្យកាន់តែមានភាពស៊ីជម្រៅ និងការសម្របសម្រួលដែលមានន័យកាន់តែល្អសម្រាប់ភាគីទាំងពីរ។ SDC ពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើឱ្យអ្វីៗដំណើរ និងក្លាយជាប្រយោជន៍ដល់ប្រជាជន ជាពិសេសយុវជនកម្ពុជា ដែលត្រូវការការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ។
ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ផលិតភាព និងចក្ខុវិស័យនេះ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏ចាំបាច់នេះឱ្យកាន់តែរីកចម្រើន ដែលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍធនធានមនុស្ស និងវិស័យការងារនៅកម្ពុជា៕