សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។ ជាមួយគ្នានេះ កម្ពុជាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា និងផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេសមានភាគហ៊ុន ១០០ ភាគរយនៅក្នុងស្ទើរតែគ្រប់វិស័យទាំងអស់ ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ហើយបានផ្តល់ជូននូវការលើកទឹកចិត្តពន្ធរហូតដល់ប្រាំបួនឆ្នាំ ដោយផ្តល់ឱ្យវិនិយោគិននូវភាពច្បាស់លាស់ ទំនុកចិត្ត និងភាពអាចព្យាករបាន រយៈពេលវែង។ ទន្ទឹមនឹងនេះ គម្រោងសាងសង់ព្រែកជីហ្វូណនតេជោបាននឹងកំពុងដំណើការ ដើម្បីជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹកកាន់ឆាប់រហ័ស និងកាត់បន្ថយការចំណាយថវិកា។ សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៥ភាគរយ ដែលឆ្លុះបញ្ចាំងមិនត្រឹមតែការស្ដារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកតម្លៃខ្ពស់ និងភាពធន់កាន់តែខ្លាំងជាងមុន។
កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ពីសេដ្ឋកិច្ចដែលផ្តោតលើការផ្គុំទៅជាសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍។ សសរស្តម្ភសំខាន់នៃការផ្លាស់ប្តូរនេះគឺរបបនៃការវិនិយោគរបស់យើង។ ច្បាប់ស្តីពីការ វិនិយោគឆ្នាំ ២០២១ របស់ប្រទេសកម្ពុជា នៅតែស្ថិតក្នុងចំណោមច្បាប់ដែលបើកចំហរ និងមានការប្រកួតប្រជែងបំផុតនៅក្នុងតំបន់ ហើយអនុញ្ញាតឱ្យជនបរទេសមានភាគហ៊ុន ១០០ ភាគរយ ស្ទើរតែគ្រប់វិស័យទាំងអស់ ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ហើយ ផ្តល់ជូននូវការលើកទឹកចិត្តពន្ធរហូតដល់ប្រាំបួនឆ្នាំ ដោយផ្តល់ឱ្យវិនិយោគិននូវភាពច្បាស់លាស់ទំនុកចិត្ត និងភាពអាចព្យាករបានរយៈពេលវែង។
នៅក្នុងការវាយតម្លៃភាពត្រៀមជាស្រេចសម្រាប់ធុរកិច្ច Business Ready ឬ B-READY ឆ្នាំ ២០២៥ របស់ធនាគារពិភពលោក ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងតំបន់អាស៊ានក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ដោយទទួលបានពិន្ទុ ៨៤,៤៥ លើ ១០០ ដែលជាភស្តុតាងនៃកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព និងការទទួលយកបច្ចេកវិទ្យាឌីជីថល។
សូមបញ្ជាក់ថា លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ជាង១គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ជាង៣ម៉ឺន គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។ ក្នុងការអនុវត្តវិធានការ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ៕