ការឃាត់ខ្លួនជនបរទេសខាងលើនេះធ្វើឡើងនៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៦ នៅខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក សេង ហៀង និង លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារៈបច្ចេកទេសជាច្រើនដែលបម្រើឱ្យសកម្មភាពឆបោករួមមានៈ កុំព្យូទ័រយួរដៃ១៤ គ្រឿង, ទូរសព្ទដៃ៦គ្រឿង និងគ្រឿងញៀនចម្រុះមានទម្ងន់សរុបប្រហែល១០គីឡូក្រាម។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រុមនេះ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលដៅប្រទេសវៀតណាម ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ក្នុងWebsite ទិញទំនិញ ដើម្បីក្លាយជាសមាជិក VIP ហើយសន្យាថា នឹងទទួលបានប្រាក់ចំណេញច្រើន។ បច្ចុប្បន្នទាំងមនុស្សនិងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា ។
ជាមួយច្បាប់ នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕