|
លោក គន់ គីម ចុះពិនិត្យការតបណ្តាញទឹកស្អាតទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹក
ថ្ងៃទី ៖ 20-04-2026, ដោយ Dara007 , 7 Views
បន្ទាយមានជ័យៈ លោកកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរា បានបន្តចុះមកពិនិត្យការតបណ្តាញទឹកស្អាតទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
លោកសូមកោតសរសើរក្រុមការងារដែលបានខិតខំពន្លឿនការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ និងបានបន្តមកដល់ថ្ងៃនេះ ដែលសម្រេចលទ្ធផលបានប្រមាណ៩៥ភាគរយ។ ផ្ទះបណ្តោះអាសន្ន ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង សាលារៀន និងរៀបចំដីកសិកម្មសម្រាប់ជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឆ្លៀតក្នុងឱកាសនេះ លោក គន់ គីម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ដើម្បីនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងករណីមានតម្រូវការបន្ទាន់ សូមរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ច៕
|