ប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានប្រទះឃើញហ្វូងសត្វដំរីព្រៃជាច្រើនក្បាលមានតូចមានធំ ចុះលេងទឹកអូរទេរ ជិតរមណីយដ្ឋានទឹកជ្រោះក្បាលព្រះ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកបានបន្ថែមថា វត្តមានហ្វូងដំរីនេះ ជាសញ្ញាបង្ហាញនូវលទ្ធផលល្អប្រសើរនៃកិច្ចប្រឹងប្រែងលើការងារអភិរក្សរបស់កម្ពុជា។
លោក ខ្វៃ អាទិត្យា បានសង្កត់ធ្ងន់ថា កម្ពុជាកំពុងផ្តោតលើការការពារសត្វដំរីអាស៊ីប្រមាណ ៤០០ ទៅ៦០០ក្បាល ដែលរស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាមភាគខាងកើត ភូមិភាគឦសាន។ ក្រសួងបរិស្ថាន និងដៃគូ អនុវត្តផែនការសកម្មភាពឆ្នាំ២០២០-២០២៩ ដើម្បីទប់ស្កាត់ការបាត់បង់ជម្រក បង្ការការដាក់អន្ទាក់ និងកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី ជាដើម។ សត្វដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ដែលត្រូវឱ្យមានការបញ្ឈប់សកម្មភាពទាំងឡាយ មានលក្ខណៈគំរាមកំហែងដល់ប្រភេទសត្វមួយនេះ។
ក្រសួងបរិស្ថាន បង្ហាញថា ដំរីអាស៊ីនៅកម្ពុជាមានចំនួនចន្លោះពី៤០០ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះសម្បូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕