ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស តាមប្រព័ន្ធ Zoom ដើម្បីចូលរួមសន្សំសំចៃ និងកាត់បន្ថយជាអតិបរមានូវការចំណាយរបស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីលើការធ្វើដំណើរមកចូលរួមដោយផ្ទាល់ ក៏ដូចជា ដើម្បីអនុញ្ញាតឱ្យចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ដែលបម្រើការងារនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ អាចចូលរួមស្តាប់អំពីការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាឱ្យបាននូវការឯកភាពគ្នា ទាំងលើគោលជំហរ ទាំងលើទស្សនៈ និងខ្លឹមសារ នៅក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីនៅតាមតុលាការទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ថ្មីនេះ។
ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ, លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈ៖ ទី១-ការផ្ដល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំង ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។ ទី២-ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងត្រូវត្រៀមលក្ខណៈ និងពង្រឹងតួនាទីគន្លឹះក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការ ប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ទី៣-ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងលើការផ្ដន្ទាទោសជនល្មើសឱ្យបានតឹងរ៉ឹង ទាំងលើការប្រមូល និងរឹបអូសទ្រព្យសម្បត្តិកើតចេញពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជារបៀបវារៈគោលនយោបាយ និងជាការប្ដេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមគូសបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤២៦/០០៦ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះមានគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕