ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ស្នើទៅគណៈកម្មការ JBCថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះបន្តអនុវត្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី ៖ 24-02-2026, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដែលមានខ្លឹមសារដូចខាងក្រោម៖

១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យនិង ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។ ២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ ៣- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ៤- ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមិនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។ ៥- គណៈកម្មការ JBC ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិង កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ព្រមទាំងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាព ទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា សកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ ប្រាសាទតាមាន់និងប្រាសាទព្រះវិហារ ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន MOUឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តា ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន បានចុះឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជានៃការរីកចម្រើនការចញ្ចឹម ដាំដំណាំបន្លែ និងការផលិតផលនៅក្នុងស្រុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com