យោងតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ក្បែរភ្លឺយប់មិញសម្ដេចបានបង្ហោះសារទាក់ទងដល់ពិធីបុកល័ក្តដែលមានតួសម្តែងជាខ្មែរឥស្លាម។
ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឱ្យឃើញថាបងប្អូនមិនបានជំទាស់នឹងការសម្ដែងដែលមានតួសម្ដែងជាបងប្អូនខ្មែរឥស្លាមនោះទេ។ អ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបថសម្ដែងខ្លះខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឱ្យមានប្រតិកម្ម។
សម្ដេចតេជោបានបញ្ជាក់ថា រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។ បងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអាល់ឡោះដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេ។ ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្ដែង ឬក្រុមសម្ដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសម្ដែងជៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍ឬកាយវិការខ្វះការគោរពចំពោះ បងប្អូនឥស្លាម។
សម្ដេចតេជោសូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត៕