យោងតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះនៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការបំភ្លឺរបស់អ្នកនាងខាត់ សុឃីមនិងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។
សម្ដេចតេជោ សូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។
សម្រាប់សម្ដេចតេជោ តាំងពីធំដឹងក្តីមកខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។ កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។
សម្ដេចតេជោ មានវីដេអូសម្រាប់បងប្អូនស្វែងយល់និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាពជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍និងសាសនានោះទេ។ សម្ដេចតេជោ ត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល៕