សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិនោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ។
សម្តេចធិបតីអះអាងទៀតថា កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត់ការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះឡើយ។ បើទោះជាស្ថានភាពនេះមានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូល។
ជាមួយគ្នានេះ សម្ដេចធិបតី អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់ និងយោគយល់លើចំពោះកិច្ចខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់ គឺជាមូលដ្ឋានក្នុងការដោះស្រាយដោយទទួលបានផលជានិរន្តរភាព ជាព្រំដែនសុខសន្ដិភាពសម្រាប់កូនចៅជំនាន់ក្រោយ៕