ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបប្រជុំពិភាក្សាការងារទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡា ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាលើកទី៣មកកាន់កម្ពុជា ហើយក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាការញ៉ាំទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
តាមរយៈជំនួបនៅថ្ងៃនេះសម្ដេចតេជោ បានជម្រាបទៅកាន់ លោកប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានថា សម្ដេចចង់ឃើញការបង្កើតស្ថានទូតកម្ពុជា ជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ខណៈបច្ចុប្បន្នមិនទាន់មាននៅឡើយ។ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ក្នុងឱកាសកិច្ចប្រជុំនេះ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថានក៏បានចុះហត្ថលេខាជាមួយគ្នា ដោយផ្ដោតសំខាន់លើការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន ក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅអ៊ីស្លាមប៉ាគីស្ថានក្នុងពេលសមស្របណាមួយនាពេលខាងមុខ ខណៈសម្ដេចមិនធ្លាប់ទៅពីមុនឡើយ។
សូមបញ្ជាក់ថា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា៕