|
សម្តេចតេជោ អញ្ជើញទទួលបដិសណ្ឋារកិច្ច ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
ថ្ងៃទី ៖ 02-02-2026, ដោយ Dara007 , 47 Views
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការលោកស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ក្នុងឱកាសលោក និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ក្រៅពីជំនួបទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោកប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្ដែងការគួរសមចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនកិច្ចផ្លូវការរបស់ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជានាពេលនេះ នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធនិងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការកសាងនិងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
|