|
ការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យ ថយចុះជាង ១ម៉ឺនសេវា ដោយសារអំពើឈ្លានពានរបស់ភាគីថៃ
ថ្ងៃទី ៖ 03-02-2026, ដោយ Dara007 , 32 Views
ឧត្តរមានជ័យៈ ក្នុងរយៈពេល ៣ខែចុងក្រោយ នៃឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ អង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមតែ៦៣០សេវាប៉ុណ្ណោះ។ ចំនួននេះត្រូវថយចុះរហូតដល់ទៅ១០.២១៩សេវា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
រដ្ឋបាលខេត្ដបានបញ្ជាក់ថា ហេតុផលតែមួយគត់ នាំឱ្យការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ ក៏ដូចគ្នានឹងបណ្ដាខេត្តជាប់ព្រំដែនភាគខាងលិចផ្សេងទៀត គឺដោយសារអំពើឈ្លានពានរបស់ភាគីថៃម្ដងហើយម្ដងទៀត លើកទីមួយនៅអំឡុងខែកក្កដា និងលើកទីពីរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ អំពើឈ្លានពាននេះ បើនិយាយដោយឡែក បានបង្ខំឱ្យរដ្ឋបាលសាលាខេត្តឧត្តរមានជ័យត្រូវបិទទ្វារ ក្នុងនោះក៏រួមទាំងអង្គភាពច្រកចេញចូលតែមួយផងដែរ។
បែបនេះក្ដី មន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ មិនបោះបង់ការបំពេញតួនាទីភារកិច្ច នោះឡើយ។ ជាក់ស្ដែង វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់បាន២០០សេវា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់បាន១៦០សេវា វិស័យសាធារណការ និងដឹកជញ្ជូន ផ្ដល់បាន១១០សេវា វិស័យសុខាភិបាល ផ្ដល់បាន៩៤សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បាន៣៥សេវា ខណៈវិស័យខ្លះទៀតផ្ដល់បានតិចតួចដែរ។
សូមបញ្ជាក់ថាអំពើឈ្លានពានរបស់ភាគីថៃលើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៥ បានបណ្ដាលឱ្យពលរដ្ឋខេត្តឧត្តរមានជ័យ ស្លាប់ចំនួន៩នាក់ រងរបួសចំនួន១៦នាក់ និងមានពលរដ្ឋជាច្រើនម៉ឺននាក់ទៀតបង្ខំចិត្តភៀសសឹកទៅកាន់ជំរំសុវត្ថិភាព។ នេះមិនទាន់គិតពីផលប៉ះពាល់ផ្នែកសាធារណៈ និងឯកជនជាច្រើនទៀតនៅឡើយផង៕
|